/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Wednesday, 22 July 2026

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ក្រើនរម្លឹក និងបំផុសស្មារតីដល់យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរក្សាសមាជិកគ្រួសាររបស់ខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ សារនេះ មានគោលដៅរួមចំណែក ទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ និងមូលដ្ឋានតទៅ។

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកណ្តាល ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនូវស្មារតីនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ និងការដុតបំផ្លាញគ្រឿងញៀននាឱកាសនេះ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជាទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងជាបញ្ហារបស់សង្គមជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវក្តីព្រួយបារម្ភ ពីស្ថានភាពបទល្មើសគ្រឿងញៀន មានការប្រែប្រួល ខុសប្លែកពីអតីតកាល និងមិនមែនជាបទល្មើសធម្មតាទៀតនោះឡើយ ប៉ុន្តែវាបានភ្ជាប់ខ្លួនយ៉ាងស្អិតរមួត ជាមួយឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ ការជួញដូរមនុស្ស ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងបណ្តាញឧក្រិដ្ឋកម្ម ដែលមានការរៀបចំជាប្រព័ន្ធយ៉ាងស្មុគស្មាញ។ ក្នុងនោះក្រុមឧក្រិដ្ឋជន តែងតែផ្លាស់ប្តូរមធ្យោបាយ និងឧបាយកលជានិច្ច ក្នុងការលបលួចធ្វើសកម្មភាពទុច្ចរិត ដើម្បីគេចផុតពីសំណាញ់ច្បាប់។

ទន្ទឹមនឹងការព្រួយបារម្ភ ប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដែរថា សមត្ថកិច្ចកម្ពុជា ក៏បាននឹងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀននេះជាបន្តបន្ទាប់ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២៥ កន្លងមក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបង្ក្រាប និងរឹបអូសបានគ្រឿងញៀនសរុបប្រមាណជាង ៥តោន ដែលនឹងត្រូវដុតបំផ្លាញចោលចំពោះមុខប្រជាពលរដ្ឋ នាឱកាសនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បើពិនិត្យមើលនាពេលបច្ចុប្បន្ន ស្ទើរតែគ្មានគ្រួសារណាមួយដែលមិនរងផលប៉ះពាល់ ឬគ្មានសមាជិកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះឡើយ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យកាន់មានប្រសិទ្ធភាព មានតែការចូលរួមជាកម្លាំងសរុបពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការផ្ដើមចេញពីគ្រួសារនីមួយៗ ក្នុងការតាមដាន អប់រំ និងណែនាំកូនចៅឱ្យចៀស ឆ្ងាយពីគ្រឿងញៀន។

ក្នុងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សូមបន្តប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយរួមគ្នាជំរុញ និងអនុវត្តនូវរាល់វិធានការ និងទិសដៅការងារដែលបានដាក់ចេញ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា សារធាតុញៀន និងសារធាតុគីមី ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន ត្រូវដុតបំផ្លាញចោលនាឱកាសនោះ មានទម្ងន់សរុបចំនួន ៥តោន ៦២២ គីឡូក្រាម ១២៩,៣០ក្រាម។ ក្នុងនោះ រួមមាន៖ សារធាតុញៀន ទម្ងន់ ៤តោន ៦១១គីឡូក្រាម ៨២១,៦៦ក្រាម និងសារធាតុគីមី ទម្ងន់ ១តោន ១០គីឡូក្រាម ៣០៧,៦៤ ក្រាម៕

0 Comments:

Post a Comment