(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរខណ្ឌ និងសង្កាត់ទាំងអស់ ឱ្យបន្តបម្រើប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយទាំងផ្នែកជីវភាព ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅប្រចាំថ្ងៃ។
ការណែនាំនេះមានគោលបំណងពង្រឹងជំនឿទុកចិត្ត ការគោរពស្រលាញ់ពីប្រជាពលរដ្ឋ ដើម្បីបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោក ឃួអ ស្រេង ណែនាំបែបនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់លើការចុះពិនិត្យ និងដោះស្រាយបញ្ហាលូ ប្រឡាយ និងផ្លូវជាដើម ព្រមទាំងការយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋដែលខ្វះខាត។ លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធានារ៉ាប់រងចំណាយលើការបូជាសព ឬក្តារមឈូសសម្រាប់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាព ដោយចាត់ទុកថាជាកុសលផលបុណ្យដ៏ធំធេង។
ដើម្បីរក្សាបាននូវប្រជាប្រិយភាព និងបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត លោក ឃួង ស្រេង បានជំរុញឱ្យពង្រឹងចំណុចខ្វះខាត ជាពិសេសលើការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាត្រូវតែទទួលបានជ័យជម្នះបន្តទៀត និងជារៀងរហូត ដោយគ្មានបក្សណាមួយមានសមត្ថភាពការពារសន្តិភាពបានដូចគណបក្សប្រជាជនកម្ពុជានោះទេ។
លោកបានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារបូរណភាពទឹកដី។ ដូច្នេះ អាជ្ញាធរមូលដ្ឋានត្រូវយកអ្វីៗទាំងនេះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបកាន់តែច្បាស់ ដើម្បីឱ្យពួកគាត់បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យកជ័យជំនះនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ បន្តទៀត។
ក្នុងឱកាសនោះដែរ ទាំងចៅសង្កាត់ និងមេភូមិនីមួយៗ បានលើកឡើងពីសមិទ្ធផលនានារបស់បក្ស ដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាព ដែលបាន និងកំពុងអនុវត្ត ដូចជា ការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាដើម។ បន្ថែមពីនេះ ក៏បានលើកឡើងពីសន្តិអារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនានា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្នុងវិវាទព្រំដែនកម្ពុជា-ថៃ និងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ៕

























0 Comments:
Post a Comment