/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Monday, 6 July 2026

ចំនួនអ្នកទស្សនា: Views

(កំពត)៖ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក មឿង គង្គា អភិបាលរងនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិក មកពីមន្ទីរជុំវិញខេត្ត រដ្ឋបាលថ្នាក់មូលដ្ឋាន និងកងរាជអាវុធហត្ថ ខេត្តកំពត សរុបប្រមាណ ៨០រូប នៅសណ្ឋាគារ ខាសល បេវ្យូ រីសត & ស្ប៉ា ខេត្តកំពត។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់ការអនុវត្តអនាម័យសាយប័រ (cybersecurity hygiene) ដល់សិក្ខាកាម ដើម្បីបង្កើតទម្លាប់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព កាត់បន្ថយហានិភ័យពីឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការការពារខ្លួន និងការពារព័ត៌មានសំខាន់របស់ស្ថាប័ន។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលក៏មានគោលបំណងជំរុញឱ្យសិក្ខាកាមក្លាយជាអ្នកផ្សព្វផ្សាយចំណេះដឹង និងរួមចំណែកបង្កើតវប្បធម៌សុវត្ថិភាពសាយប័រនៅក្នុងស្ថាប័នផងដែរ។

បន្ថែមលើនេះ វគ្គបណ្ដុះបណ្ដាលបានផ្ដោតលើការបង្កើតទម្លាប់ល្អលើប្រព័ន្ធអនឡាញ ការការពារគណនី និងឧបករណ៍ឌីជីថល ដោយរួមមានការបង្កើតពាក្យសម្ងាត់រឹងមាំ ការប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ពីរជំហាន (2FA) ការរៀបចំសុវត្ថិភាពលើកម្មវិធី Telegram ការប្រើប្រាស់បណ្ដាញ WiFi ប្រកបដោយសុវត្ថិភាព និងការការពារគណនី Mobile Banking។

លើសពីនេះ សិក្ខាកាមក៏បានសិក្សាអំពីល្បិចកល និងបច្ចេកទេសដែលជនឆបោកប្រើប្រាស់ ដូចជា ការបន្លំយកព័ត៌មាន (phishing), ការក្លែងបន្លំអត្តសញ្ញាណ (impersonation), ការឆបោកដោយប្រើស្នេហា (pig butchering / romance scam) និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Deepfake) ព្រមទាំងវិធានការការពារខ្លួន និងការឆ្លើយតបបឋមនៅពេលជួបប្រទះឧប្បត្តិហេតុសាយប័រ។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសាយប័រ និងការកសាងវប្បធម៌សុវត្ថិភាពឌីជីថលនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងរដ្ឋបាលមូលដ្ឋាន ដើម្បីរួមចំណែកកសាងសង្គមឌីជីថលដែលមានសុវត្ថិភាព និងភាពជឿទុកចិត្ត៕

0 Comments:

Post a Comment