សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២។ ពិធីនេះបានប្រព្រឹត្តទៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនប្រទេសផងដែរ។
សមាគមកាយឫទ្ធិនារីពិភពលោក ឬ WAGGGS គឺជាចលនាអន្តរជាតិធំបំផុតមួយសម្រាប់កុមារី និងយុវតី ដែលមានសមាជិកភាពតាមរយៈសមាគមកាយឫទ្ធិនារីជាតិ នៅតាមបណ្តាប្រទេសនានា។ បច្ចុប្បន្ន WAGGGS តំណាងឲ្យចលនាដែលមានសមាគមជាសមាជិកចំនួន១៥៣នៅទូទាំងពិភពលោក។
មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្ដង។ មហាសន្និបាតនេះ ប្រមូលផ្តុំថ្នាក់ដឹកនាំ និងតំណាងអង្គការសមាជិកពីបណ្តាប្រទេស និងដែនដីជុំវិញពិភពលោក ដើម្បីពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី។
មហាសន្និបាតលើកដំបូង ត្រូវបានរៀបចំឡើងនៅឆ្នាំ១៩២០ នៅទីក្រុង Oxford ចក្រភពអង់គ្លេស ក្រោមការរៀបចំរបស់ International Council ដែលក្រោយមកនៅឆ្នាំ១៩២៨ បានវិវឌ្ឍទៅជាសមាគមកាយឫទ្ធិនារីពិភពលោក WAGGGS។ ចាប់តាំងពីពេលនោះមក មហាសន្និបាតនេះបានបន្តរៀបចំឡើងតាមរយៈប្រទេសជាសមាជិកនានា ដើម្បីជាវេទិកាសម្រាប់ការពិភាក្សាបោះឆ្នោត និងកំណត់ទិសដៅរបស់ចលនាកាយឫទ្ធិនារីពិភពលោក។
ដោយឡែក កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិរបស់បណ្តាញអ្នកគាំទ្រ OB-PS ដោយភ្ជាប់ជាមួយមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ របស់ WAGGGS។ កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងប្រមូលផ្តុំសមាជិក អ្នកគាំទ្រ និងភាគីពាក់ព័ន្ធរបស់ OB-PS ពីបណ្តាប្រទេសនានា ដើម្បីពង្រឹងបណ្តាញមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្តបំផុសការគាំទ្រហិរញ្ញវត្ថុដល់ WAGGGS និងស្វែងយល់បន្ថែមអំពីការងារ ផលប៉ះពាល់ និងទិសដៅរបស់ WAGGGS ក្នុងការគាំទ្រកុមារី និងយុវតីជុំវិញពិភពលោក។
សហគមន៍ OB-PS Olave Baden-Powell Society (OB-PS) គឺជាបណ្តាញអ្នកគាំទ្រអន្តរជាតិ ដែលគាំទ្របេសកកម្មរបស់សមាគមកាយឫទ្ធិនារីពិភពលោក WAGGGS ក្នុងការជួយឲ្យកុមារី និងយុវតីអភិវឌ្ឍន៍សក្តានុពលពេញលេញរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋពិភពលោកដែលមានការទទួលខុសត្រូវ។ OB-PS មានតួនាទីសំខាន់ក្នុងការរៃអង្គាសមូលនិធិ និងបំផុសការគាំទ្រហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ គម្រោង និងកម្មវិធីរបស់ WAGGGS និងសមាគមជាសមាជិករបស់ WAGGGS នៅទូទាំងពិភពលោក។
សហគមន៍ OB-PS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដើម្បីជាបណ្តាញនៃអ្នកគាំទ្រអន្តរជាតិ សម្រាប់រៃអង្គាសមូលនិធិ និងគាំទ្រដល់បេសកកម្មរបស់ WAGGGS ក្នុងការអភិវឌ្ឍកុមារី យុវតី និងស្ត្រីវ័យក្មេងនៅជុំវិញពិភពលោក។ កិច្ចប្រជុំប្រចាំឆ្នាំរបស់ OB-PS ត្រូវបានរៀបចំឡើងជាវេទិកាសម្រាប់សមាជិក និងអ្នកគាំទ្រ OB-PS ក្នុងការជួបជុំ ពង្រឹងមិត្តភាពអន្តរជាតិ ស្វែងយល់ពីការងារ និងផលប៉ះពាល់របស់ WAGGGS ព្រមទាំងបន្តបំផុសការគាំទ្រហិរញ្ញវត្ថុដល់ចលនាកាយឫទ្ធិនារីពិភពលោក។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំជាផ្នែកមួយ នៃការជួបជុំអន្តរជាតិដ៏សំខាន់ ដែលភ្ជាប់ OB-PS ជាមួយមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ដើម្បីឱ្យសមាជិក OB-PS មានឱកាសចូលរួមក្នុងបរិយាកាសសកលរបស់ចលនាកាយឫទ្ធិនារី និងស្វែងយល់ដោយផ្ទាល់អំពីការងាររបស់ WAGGGS។ កិច្ចប្រជុំនេះ មិនមែនជាវេទិកាសម្រេចចិត្ត ដូចមហាសន្និបាតកាយឫទ្ធិនារីពិភពលោករបស់ WAGGGS នោះទេ ប៉ុន្តែជាវេទិកាផ្តោតលើការគាំទ្រហិរញ្ញវត្ថុ ការរៃអង្គាសមូលនិធិ ការភ្ជាប់ទំនាក់ទំនងរវាងសមាជិក និងការបង្ហាញផលប៉ះពាល់ នៃការងាររបស់ WAGGGS។
ដូច្នេះការរៀបចំកិច្ចប្រជុំនេះនៅកម្ពុជា គឺជាឱកាសសំខាន់ក្នុងការបង្ហាញសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិ បដិសណ្ឋារកិច្ចកម្ពុជា និងការចូលរួមរបស់កម្ពុជាក្នុងការគាំទ្រចលនាកាយឫទ្ធិនារីពិភពលោក៕

0 Comments:
Post a Comment