(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ដែលតែងតាំងថ្មី ប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក Steven Pang Chee Wee ដែលលោកត្រូវបានតែងតាំង ជាសិង្ហបុរីប្រចាំកម្ពុជា និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ក៏ដូចជាកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាក្នុង វិស័យជាច្រើននាពេលកន្លងមក។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទោះបីជាកម្ពុជា និងសិង្ហបុរីមានកម្រិតអភិវឌ្ឍន៍ខុសគ្នា ប៉ុន្តែប្រទេសទាំងពីរ ប្រកាន់នូវគុណតម្លៃនិងទស្សនរួមគ្នា ក្នុងនាមជាប្រទេសតូច ដែលពឹងផ្អែកលើគោលការណ៍សន្តិភាព, ប្រព័ន្ធពហុភាគីនិយម និងយន្តការច្បាប់អន្តរជាតិ ដើម្បីធានាបាននូវការរស់រាន និងការអភិវឌ្ឍរបស់ខ្លួន នៅក្នុងបរិបទដែលពិភពលោក មានភាពមិនប្រាកដប្រជាខ្ពស់ និងកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយក្នុងនោះអាស៊ាននៅតែជាក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសសមាជិក ដោយរួមទាំងកម្ពុជា និងសិង្ហបុរី ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍រួម។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចអំពីការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តោតសំខាន់លើការកែទម្រង់ និងការធ្វើទំនើបកម្មស្ថាប័ន នៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ក៏ដូចជាការកែទម្រង់មុតស្រួចនានា របស់រាជរដ្ឋាភិបាល ដូចជាការកែទម្រង់ច្បាប់ យុត្តិធម៌ និងហិរញ្ញវត្ថុសាធារណៈជាដើម ដើម្បីកសាងភាពធន់ សមត្ថភាពប្រកួតប្រជែង និងសមត្ថភាពឆ្លើយតប នឹងបញ្ហាប្រឈមនានានាពេលអនាគត។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួច ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដោយចាត់ទុកបញ្ហានេះជាអាទិភាពសំខាន់មួយ សម្រាប់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បរិយាកាសវិនិយោគ និងកេរ្តិ៍ឈ្មោះរបស់ប្រទេស។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា សិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី៣ និងជាវិនិយោគិនលំដាប់ទី៣ របស់កម្ពុជា។ ទោះយ៉ាងនេះក្តី កម្ពុជា និងសិង្ហបុរី នៅមានសក្តានុពលច្រើនថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏បានពិភាក្សាផងដែរ អំពីលទ្ធភាពនៃការជំរុញការនាំចេញផលិតផលស្បៀងអាហារ និងកសិផលរបស់កម្ពុជា ពិសេសផ្លែឈើដូចជាទុរេន និងស្វាយ ដែលមានគុណភាពខ្ពស់ ទៅកាន់ទីផ្សារសិង្ហបុរី ព្រមទាំងការទាក់ទាញការវិនិយោគក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម។
ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ក្នុងក្របខ័ណ្ឌបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid), ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបបាតសមុទ្រ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល, ការកសាងសមត្ថភាព និងការចែករំលែកបទពិសោធន៍លើការគ្រប់គ្រង និងការពង្រឹងអភិបាលកិច្ច និងគោលការណ៍គុណាធិបតេយ្យ ក្នុងវិស័យសាធារណៈ។
ជាការឆ្លើយតប លោក Steven Pang Chee Wee បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើទំនើបកម្មប្រទេស ក្រោមក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។
លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សិង្ហបុរី ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើការបញ្ជូនពលករកម្ពុជាទៅធ្វើការ និងអភិវឌ្ឍជំនាញនៅសិង្ហបុរី ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដោយបន្តគាំទ្រការកសាងសមត្ថភាពមន្ត្រីរាជការកម្ពុជា។
មុននឹងបញ្ចប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជូនពរឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា និងបន្តរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត៕









0 Comments:
Post a Comment