/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Friday, 5 June 2026

ចំនួនអ្នកទស្សនា: Views

(ស្ទឹងត្រែង)៖ លោ សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួនសរុប ១,៧៦៣ក្បាលដី ដែលស្ថិតនៅក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ នៃឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងពិធីនោះបន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លីនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលបង្ហាញដោយលោក សាយ សុសល អភិបាលស្រុក និងលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួចមក លោកអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ ត្រូវយកចិត្តទុកដាក់ថែរក្សាដីធ្លីរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ហើយកុំលក់ដូរដោយមិនចាំបាច់ ព្រោះដីធ្លីមានតម្លៃកាន់តែខ្ពស់ ខណៈដែលចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែដីធ្លីវិញមិនអាចបង្កើតឡើងវិញបានទេ។

លោក សរ សុពុត្រា ក៏បានថ្លែងការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី ចាប់ពីដំណាក់កាលដំបូងរហូតដល់ការចេញវិញ្ញាបនបត្រ ដោយមិនខ្លាចការលំបាក ធ្វើឲ្យដំណើរការនេះទទួលបានលទ្ធផលល្អប្រសើរ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានវិស័យទស្សនៈច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពលើការធានាសិទ្ធិកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ។ វាជាគោលនយោបាយសំខាន់មួយក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងពង្រឹងស្ថេរភាពសង្គម។

លោកក៏បានបន្ថែមទៀតថា ដីធ្លីដែលបានចុះបញ្ជី និងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ គឺជាទ្រព្យសម្បត្តិមានតម្លៃ និងមានសុវត្ថិភាពខ្ពស់សម្រាប់ម្ចាស់កម្មសិទ្ធិ ដែលអាចយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល ដូចជាការលក់ ជួល បញ្ចាំ ឬធ្វើអំណោយ ដើម្បីយកទៅធ្វើជាទុនក្នុងការអភិវឌ្ឍជីវភាពគ្រួសារ និងប្រកបរបររកស៊ីផ្សេងៗ។

ពិធីចែកវិញ្ញាបនបត្រនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពអំណរគុណពីសំណាក់ប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិកម្មសិទ្ធិដីធ្លីស្របច្បាប់ ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍជីវភាព និងសុភមង្គលគ្រួសាររយៈពេលវែង៕

0 Comments:

Post a Comment