កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា សមិទ្ធផលនានារបស់មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច និងជួយលើកកម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន។
ការលើកឡើងដូច្នេះធ្វើឡើងក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្រោមការផ្តួចផ្តើមសាងសង់ដោយឧបាសិកា ឧកញ៉ា ញ៉ឹក ប៊ុនថា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា វិស័យទេសចរណ៍វត្តអារាមនាពេលបច្ចុប្បន្នកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងខ្លាំង ខណៈដែលចង់ស្គាល់និងឈ្វេងយល់បានកាន់តែច្បាស់អំពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។
ជាមួយនិងវិស័យទេសចរណ៍វត្តអារាម មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាដែលបាននិងកំពុងសាងសង់លើផ្ទៃដីប្រមាណជាង២០០ហិកតា ចំណាយទឹកប្រាក់អស់ប្រមាណជាង១៤លានដុល្លា ស្ថិតក្នុងសួនកុសមៈគីរីរម្យក៏បានក្លាយជាគោលដៅ ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរបរទេសដែលចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនានេះផងដែរ។
មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនេះក៏នឹងបន្តរួមចំណែកមួយក្នុងការស្រូបទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសសម្រាប់អ្នកដែលមានជំនឿមុតមាំ និងអ្នកដែលមានវិបត្តិផ្លូវចិត្ត។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសង្កត់ធ្ងន់ផងដែរថាការរៀបចំមជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនានៅលើខ្នងភ្នំគីរីរម្យដែលបម្រើឱ្យវិស័យទេសចរណ៍សាសនា មិនមែនសំដៅតែលើព្រះពុទ្ធសាសនាមួយមុខនោះទេ ប៉ុន្តែត្រូវបើកទូលាយដល់គ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅកម្ពុជា។ដូច្នេះការរំពឹងទុកសម្រាប់ឆ្នាំ២០២៦និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត ភ្ញៀវទេសចរនិងអាចមានការកើនឡើងច្រើនបន្ថែមទៀត ខណៈនៅឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺបានទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមបណ្តាគោលដៅទេសចរទាំង២៩កន្លែងបានប្រមាណជិត២លាននាក់រួចមកហើយ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ











0 Comments:
Post a Comment