/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Thursday, 15 January 2026

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដោយមានក្រុមចូលរួមកើនឡើងដល់ ៣២ក្រុមសម្រាប់ផ្នែកបុរស រួមជាមួយការបន្ថែមវិញ្ញាសាបាល់ទះនារី ស្របពេលកញ្ចប់ប្រាក់រង្វាន់សរុប ក៏មានការកើនឡើងយ៉ាងច្រើនផងដែរ។

នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ នៅក្នុងឱកាសលោកអញ្ជើញជាតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន និងការចាប់ពូលប្រកួតព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំខាងលើ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។

លោកថា រដូវកាលថ្មីនៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នឹងមានការប្រកួតប្រជែងកាន់តែអស្ចារ្យ ដែលមានទាំងវិញ្ញាសាបាល់ទះបុរស និងនារី។ ចំពោះផ្នែកបុរស មានក្រុម ៣២ក្លិបចូលរួម មកពីទូទាំង ២៥រាជធានី-ខេត្ត ហើយក្រុមនីមួយៗ អាចប្រើប្រាស់កីឡាករជម្រើសជាតិ ២រូបលើទីលានប្រកួត និងកីឡាករបរទេសម្នាក់ទៀតផង។ លោកសង្ឃឹមថា ការប្រកួតនឹងកាន់តែស្វិតស្វាញ ដើម្បីជំរុញការអភិវឌ្ឍគុណផលអត្តពលិកជាតិទាំងអស់។

លើសពីនេះ ឆ្លើយតបនឹងសំណូមពរសមាគមក្លិប និងមហាជន ដែលចង់ឲ្យមានការប្រកួតបាល់ទះនារីក្នុងក្របខណ្ឌថ្នាក់ជាតិ សហព័ន្ធក៏បានសម្រេចបន្ថែមវិញ្ញាសាបាល់ទះនារីលើកដំបូង ដោយមាន ៨ក្រុមចូលរួម។ នេះគឺជាជំហានថ្មី ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សហព័ន្ធ ដើម្បីផ្ដល់ឱកាសដល់កីឡាការិនីបានចូលរួមប្រកួតប្រជែងពានរង្វាន់ដូចបុរស ដើម្បីអនាគតបាល់ទះនារី ក៏ដូចជាការកសាងសមត្ថភាព និងធនធានក្រុមបាល់ទះនារីកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិនានា។

ជាមួយកំណើនក្រុមបុរស និងការបន្ថែមវិញ្ញាសានារីនេះដែរ ក្រឡេកទៅចាប់អារម្មណ៍កញ្ចប់ប្រាក់រង្វាន់សរុប ក៏មានកាកើនឡើងយ៉ាងច្រើនរហូតដល់ ១២៧លានរៀលឯណោះ។ ប្រាក់រង្វាន់ទាំងអស់នេះ នឹងត្រូវបែងចែកជារួម សម្រាប់ជយលាភីផ្នែកបុរស ក្រុមលេខ១៖ ៥០លានរៀល, លេខ២៖ ២០លានរៀល, លេខ៣៖ ១២លានរៀល, លេខ៤៖ ៨លានរៀល និងប្រាក់រង្វាន់លើកទឹកចិត្តម្ចាស់ពានឯកត្ដជនផ្សេងៗ។ រីឯផ្នែកនារី លេខ១៖ ១៥លានរៀល, លេខ២៖ ៨លានរៀល, លេខ៣៖ ៤លានរៀល និងលេខ៤៖ ២លានរៀល។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាការបើកទំព័រឆ្នាំថ្មីមួយដ៏ល្អ ក្នុងចំណោមផែនការត្រៀមរៀបចំការប្រកួតសំខាន់ៗជាច្រើនទៀត ដើម្បីធានាបាននូវនិរន្ដរភាពនៃការអភីវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជា ក្នុងគ្រាដ៏លំបាកនេះ។ ភ្ជាប់ជាមួយគ្នាមុនឈានដល់ការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នាដើមខែក្រោយ សហព័ន្ធក៏នឹងមានការៀបចំពានរង្វាន់សប្បុរសធម៌ ដើម្បីកៀរគរមូលនិធិជួយដល់ជនភៀសសឹក ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅដ្ឋានវិញនាថ្ងៃទី១៧ ខែមករាចុងសប្ដាហ៍នេះ ដោយមានក្រុមខ្លាំងៗ ៤ក្រុមចូលរួមផងដែរ។

ឆ្លៀតឱកាសនោះដែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយក ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក៏បានបង្ហាញនូវមោទនភាព ក្នុងការបន្ដការឧបត្ថម្ភគាំទ្រដោយមិនសំចៃ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន និងល្បីល្បាញទាំងលើឆាកជាតិ និងអន្ដរជាតិ។ ទោះបីក្រុមហ៊ុនបានចំណាយជាច្រើន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋខ្មែររងគ្រោះ ដោយសារបញ្ហាជម្លោះព្រំដែន តែក្រុមហ៊ុននៅតែរីករាយក្នុងការជួយ និងគាំទ្រកីឡាជាតិ ដោយបេះដូង និងស្មារតីខ្មែរតែមួយជានិច្ច។

សូមបញ្ជាក់ថា ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ នាពេលឆាប់ៗខាងមុខ សម្រាប់ផ្នែកបុរស ក្នុងចំណោមក្រុមចូលរួមទាំង ៣២ក្លឹប ត្រូវបានបែងចែកជា ៨ពូល ខណៈផ្នែកនារី ៨ក្លឹប ត្រូវបានបែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះជាបន្ដបន្ទាប់ រហូតចម្រាញ់បានក្រុមជយលាភីតែម្ដង៕

0 Comments:

Post a Comment