/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ កណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ កណ្ដាល / ទំនាក់ទំនងTele: 012984855....

Sunday, 26 October 2025

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាដើមខែវិច្ឆិកា ខាងមុខនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែង។

កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែតុលានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលប្រមាណ ១៥០ ដែលមានស្តង់សរុបជាង១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺនកន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៥ម៉ឺននាក់។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ដ៏ធំនាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារ តាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាព ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពី ការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

រីឯលោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងថា ស.ស.យ.ក. រាជធានីភ្នំពេញ បានធ្វើជាដៃគូជាមួយនឹង NEA ចាប់តាំងពីពិព័រណ៌ការងារចាប់ផ្តើមជាលើកដំបូងមក ហើយតែងតែជួយផ្សព្វផ្សាយដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើនតាមរយៈបណ្តាញ ស.ស.យ.ក. នៅទូទាំងប្រទេសផងដែរ។ លោកចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ហើយលោកក៏បានអំពាវនាដល់យុវជនទាំងអស់ ឲ្យរៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយៈពេល ២ថ្ងៃ នេះផងដែរ។

លោក លី តិកហេង តំណាងសមាគម TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិនេះ គឺមិនអាចមិនគិតពីប្រធានបទផលិតភាពការងារបានទេ ព្រោះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលជ្រើសរើសបុគ្គលិកមកធ្វើការ គឺតែងតែយកចិត្តទុកដាក់លើផលិតភាពការងាររបស់បុគ្គលិកខ្លួន។

លោកបានបន្តថា ពិព័រណ៍ការងារ នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាពដែលនឹងផ្តោតលើប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជុំវិញប្រធានបទផលិតភាពពី សំណាក់វាគ្មិនជំនាញជាច្រើនរូបផងដែរ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ https://careerfair.nea.gov.kh/ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕

0 Comments:

Post a Comment